ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន​ (Vandy Kaonn)

 រក្សាសិទ្ធិគ្រប់យ៉ាង

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ​ និង អ្នកនិពន្ធ​ខ្មែរ​ម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិត​របស់​លោក​ដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរ​សិល្ប៍​ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។

តាមរយៈ កិច្ចការជាអ្នកសារព័ត៌មាន​នៃ​វិទ្យុ​បារាំងអន្តរ​ជាតិ​ផ្សាយជាខេមរៈភាសា​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំ និង​តាម​ការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់​ឃើញ​ថាលោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូប​ដែល​គេ​ពុំ​ត្រូវមើលរំលងឡើយ។

លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំង​របស់​លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋាន​សង្គម​​​ខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លង​​កាត់​​ក្តីដែរ តែពុំទាន់បានយល់ជ្រួត​ជ្រាប​ឲ្យ​បាន​​ដល់​ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បាន​​អាន​វណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិន​និង​​ការ​ពិត»(២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជា​ជ្រាប​ជាក់​ជា​ពុំ​ខាន​​។

ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿង​និទាន​ខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោក​បាន​លើក​យកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិង​ផ្សាយ​ជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជា​ប្រយោជន៍​ដល់​ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការ​ស្រាវ​ជ្រាវ​ថ្មីមួយទៀតរបស់លោក ដែលអាចជា​ប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្ត​នឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។

ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់​លោកចំពោះត្រួស​ត្រាយវិថីនៃអក្សរសាស្ត្រអក្សរ​សិល្ប៍ខ្មែរ​យើងបន្ថែមទៀត។ ដោយយល់យ៉ាង​ច្បាស់​ពី​សេចក្តីព្យាយាម​របស់លោក​និងសេចក្តីខិត​ខំ​លះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោក​បានអនុញ្ញាត​និងផ្តល់រូបថតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោកក្នុងគេហទំព័ររបស់ខ្ញុំនេះ។

ជាសំណាងល្អ ខ្ញុំបាន​សូម​សេចក្តីយល់​ព្រម​ពី​លោក​​សាស្ត្រាចារ្យបណ្ឌិតឃីង ហុកឌី ដើម្បី​ដក​ស្រង់​​និងចុះផ្សាយ​នូវ​«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ាន់ឌី កាអុន» ពី​សៀវ​ភៅ​របស់លោក ដែល​មាន​ចំណង​ជើងថា «មាលីបទ​អក្សរសិល្ប៍ខ្មែរ​សត​វត្ស​ទី​២០» និង​«អក្សរ​សិល្ប៍ខ្មែរសតវត្សទី២០ កវីនិពន្ធ​និង​​កម្រង​អត្ថបទ»

ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយ​សម្រួល​កិច្ចការ​ខ្ញុំ ដោយបានវាយអត្ថបទ និងជួយ​ផ្ទៀង​ផ្ទាត់ ព្រមទាំងរៀបចំថតរូប​គម្រប​សៀវភៅ​ស្នាដៃរបស់លោក វ៉ានឌី កាអុន។

តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរ​ជីវិត​របស់លោកវ៉ានឌី កាអុន។

Photo : Vandy Kaonn

លោកវ៉ានឌី កាអុន

កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បាន​បំពេញ​វិជ្ជា​នៅ​បឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបាន​ប្រឡង​ជាប់​មធ្យម​សិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយ​បានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្ត​កំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ​ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មាន​ឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុង​ឆ្នាំ​ដដែល​នេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)​។

នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅ​ក្រសួង​អប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្ត​ដែល​មានជំហរ​និង​គំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំង​ជា​ចាង​​ហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និង​ជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀន​ទស្សន​​វិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយ​បាន​ត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវ​ជ្រាវ​រហូត​ដល់​ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។

លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក​«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំង​ប្រដាប់​អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បាន​វាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែ​មករា​ ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គម​និងនយោបាយ ហើយលោកបានដឹកនាំវិទ្យាស្ថាន​នេះរហូត​ដល់​ឆ្នាំ​១៩៨៩​។

អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជា​តែង​មក​សាកសួរ​និងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់​ម្យ៉ាងថា ​លោក​ជា​បញ្ញវ័ន្តមួយ​រូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាង​ចរន្តទំនើប​និយម​ក្នុង​រដ្ឋអំណាចនិងបក្ស។

ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីសកម្ពុជា លោក​បាន​​ត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជន​ភៀស​ខ្លួន​នយោ​បាយ​​។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មាន​ចូលនិវត្តិន៍នៃវិទ្យុបារាំង​អន្តរជាតិ​ក្នុង​កម្មវិធី​ភាសា​ខ្មែរ (Radio France Internationale : RFI) ដោយលោកមាន​ឯក​ទេស​ផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែក​នយោ​បាយ​ សេដ្ឋកិច្ច សង្គម ។ល។

ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលា​ទំនេរលើ​សំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់​នៅក្នុង​របប​បួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោក​ផលិត​បានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយ​ក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅ​សកល​វិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាក​ក្នុងការ​ចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne)

នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖

– សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
– ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
– វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
– វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
– សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
-Thmenh Chey en français, étude, Phnom Penh 1973
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ ១៩៧៤
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
-Réflexion sur la littérature khmère en français, étude, Phnom Penh 1981
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
-Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
-Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។

 

(រាល់ព័ត៌មានបន្ថែមនិងចង់ទំនាក់ទំនងសូមទាក់ទងម្ចាស់ប្រភពដើម អ្នកនិពន្ធ ប៉ិច សង្ចាវ៉ាន )

 

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s