ដំណើរទៅរកការផ្លាស់ប្តូរ !!!

សង្គមខ្មែរកំពុងចាកចេញពីភាពស្ងៀមស្ងាត់ជាបណ្តើរ

រយៈពេល​ចុងក្រោយ​នេះ វប្បធម៌​ជជែក​ពិភាក្សា និង​ចូលរួម​មតិ ហាក់​បានកើត​ឡើងកាន់​តែ​ផុលផុស​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ។ ជាក់ស្តែង បច្ចុប្បន្ន នៅពេល​ដែលមាន​បញ្ហា​ជាប់គាំង​នយោបាយ ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់ឆ្នោត​ហ៊ាន​បញ្ចេញមតិ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន បណ្តាញ​សង្គម ឬ​តាមរយៈ​វេទិកាសាធារណៈ​នានា ដោយ​មិនសូវ​ខ្លាចញញើត​ដូច​ពីមុន​ទៀតឡើយ។ នេះ​ជា​សញ្ញា​បញ្ជាក់ថា សង្គម​ខ្មែរ​កំពុងតែ​ចាក​ចេញពី​ភាព​ស្ងៀមស្ងាត់​ជាបណ្តើៗហើយ។ ប៉ុន្តែ ដើម្បី​ឲ្យ​ការសម្តែង​មតិ​នោះ​មាន​ប្រយោជន៍​ដល់​សង្គម​ពិតប្រាកដ អ្នក​សម្តែង​មតិ​គួរតែ​ភ្ជាប់​ដោយ​ការទទួលខុសត្រូវ និង​ការគោរព​គ្នា​ទៅវិញទៅមក។

អ្វីដែល​គេ​អាច​ចាត់ទុកជា​ផ្លែផ្កា​នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល២ទសវត្សរ៍​នៅ​កម្ពុជា​នោះ​គឺ ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាននាំគ្នា​ទម្លាយ​ភាព​ស្ងៀមស្ងាត់ ហើយ​ផ្តើម​ហ៊ាន​បញ្ចេញមតិ​ជា​សាធារណៈ​កាន់តែ​ផុលផុស​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

ជាក់ស្តែង នៅពេលដែល​ប្រទេស​កំពុង​ជួប​ភាព​តានតឹង​នយោបាយ​ក្រោយ​ការបោះឆ្នោត ប្រជាពលរដ្ឋ​បាននាំគ្នា​បញ្ចេញមតិ​យ៉ាង​កងរំពង​មិន​ថា​នៅតាម​វិទ្យុ ទូរទស្សន៍ កាសែត ឬ​បណ្តាញ​សង្គម​ឡើយ។ ពួកគេ​ហ៊ាន​និយាយ ហ៊ាន​រិះគន់ និង​ហ៊ាន​បញ្ចេញមតិ​តាមចិត្ត​ចង់​ដោយ​មិនសូវ​ខ្លាចញញើត​ដូច​ពីមុន​ទៀតឡើយ។ លើសពី​ការសម្តែង​មតិ ពួកគេ​ក៏​ហ៊ាន​ចេញមុខ​ធ្វើបាតុកម្ម​ទៀតផង។ ក្រៅពី​បញ្ហានយោបាយ​ក្តៅគគុក ការបញ្ចេញមតិ​ជជែក​កម្សាន្ត​តាម​ប៉ុស្តិ៍​វិទ្យុ​ក៏មាន​សកម្មភាព​ផុលផុស​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់ដែរ។ ជាពិសេស ភាគច្រើន​នៃ​អ្នក​សកម្ម​ខាង​ការបញ្ចេញមតិ​គឺជា​យុវវ័យ។

ជាការ​ពិត ពលរដ្ឋ​ខ្មែរ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ស្ងៀមស្ងាត់​មិនសូវ​ហ៊ាន​ចេញមុខ​ជជែក ពិភាក្សា​ជា​ចំហ​នៅក្នុង​ជំនុំ​ចំណោម​នោះឡើយ។ មាន​ហេតុផល​ច្រើន យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន​ក្នុងនោះ​មូលហេតុ​ពីរ​ដែល​សំខាន់​ជាងគេ៖
ហេតុផល​ទី១៖ គឺ​ទំនាមទម្លាប់​ប្រពៃណី ពោលគឺ​កើតមក​ក្នុង​ប្រទេសមួយ​ដែលមាន​ទំនាមទម្លាប់​ប្រពៃណី​តឹងរ៉ឹង ឳ​ពុក​ម្តាយ​ខ្មែរ​តែង​ប្រៀនប្រដៅ​កូនចៅ​កុំ​ឲ្យ​តមាត់​ជាមួយ​មនុស្ស​ចាស់​ឬ​រាមច្បង ជាពិសេស​គឺ​កូនស្រី​តែម្តង​ដែល​ត្រូវធ្វើ​ខ្លួន​ឲ្យ​ដូចជា​សំពត់​ក្នុង​ផ្នត់។ ផ្ទុយ​ពី​ប្រទេស​ជឿនលឿន​ដែល​គេ​បង្ហាត់​ក្មេង​តាំងពីតូចៗឲ្យ​ចេះ​ជជែក​ពិភាក្សា​រកហេតុ​ផល ក្នុងសង្គម​កម្ពុជា ក្មេង​ដែល​ចេះ​តមាត់​ជាមួយ​មនុស្ស​ចាស់ ឬ​រាមច្បង​ត្រូវគេ​ចាត់ទុកថា​គឺជា​ក្មេង​មិនល្អ​ឡើយ។

ហេតុផល​ទី២៖ ការដឹកនាំ​ប្រទេស​ច្រើនតែ​អនុវត្ត​នយោបាយ​បិទ​ខ្ទប់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេះដឹង​រឿង​ប្រទេសជាតិ​ឡើយ។ អ្នកនយោបាយ​បាន​បង្រៀន​ពលរដ្ឋ​រប​ស់​ខ្លួន​ថា រឿង​ប្រទេសជាតិ​ទុក​ឲ្យ​អ្នកនយោបាយ។ ធ្ងន់ធ្ងរ​បំផុត នៅក្នុង​របប​ខ្មែរក្រហម ពួក​មេដឹកនាំ​អាវខ្មៅ​បាន​បង្រៀន​ពលរដ្ឋ​ខ្មែរ​ឲ្យ«ដាំ​ដើម​គ»ទៀតផង ពោលគឺ​អ្នកណា​ហ៊ាន​តវ៉ា​នឹង​ត្រូវគេ​កម្ទេចចោល។ អំពើ​ដ៏​សាហាវព្រៃផ្សៃ​នេះ​បានធ្វើ​ឲ្យ​វប្បធម៌​ជជែក​ពិភាក្សា​ដែល​កំពុងតែ​ខ្សត់ខ្សោយ​ស្រាប់​ផង​នោះ​រឹងរឹតតែ​កប់​បាត់​ថែមទៀត។ បន្ទាប់ពី​របប​ខ្មែរក្រហម ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​សភាព​បាក់ស្បាត​និង​បៀមទុក្ខ​យ៉ាង​គ្រាំគ្រា។

ការដួលរលំ​នៃ​របប​ខ្មែរក្រហម បានអនុញ្ញាត​ឲ្យ​ពួកគេ​ប្រទេសជាតិ និង​ប្រជាជន​ខ្មែរ​រួច​រស់​ជីវិត​ពី​ការកាប់សម្លាប់ តែ​ពួកគេ​ក៏​មិនទាន់​បានទទួល​វប្បធម៌​ប្រជាធិបតេយ្យភ្លាមៗដែរ។ បន្តិចម្តងៗ  ជាពិសេស​ពីរ​ទសវត្សរ៍​ក្រោយពី​ការអនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស វប្បធម៌​ជជែក​ពិភាក្សា​ជា​ចំហ​បាន​ផ្តើម​រីកដុះដាល​ឡើង​គួរ​ឲ្យ​កត់សម្គាល់។ យ៉ាងណាក៏ដោយ នៅមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​នៅតែ​បន្ត​លាក់ខ្លួន​ពួក​សម្ងំ​ក្នុង​សភាព​ស្ងៀមស្ងាត់​ដដែល។ រីឯ​អ្នក​ដែល​បាន​ទម្លាយ​របាំង​នៃ​ភាព​ស្ងៀមស្ងាត់ មួយចំនួន​ក៏​នៅ​មិនទាន់បាន​ប្រើប្រាស់​វប្បធម៌​ប្រជាធិបតេយ្យ​ឲ្យ​ចំ​ទិសដៅ​ដើម្បី​ប្រយោជន៍​សង្គម​ពិតប្រាកដ​នៅឡើយ​ដែរ។

ជាក់ស្តែង អ្នក​ដែល​ចូលចិត្ត​ទូរ​សព្ទ័​ចូល​ប៉ុ​ស​វិទ្យុ ដែល​ភាគច្រើន​ជា​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម ច្រើនតែ​និយម​ចូលចិត្ត​ការជជែក​កម្សាន្ត ឬ​សំណូមពរ​បទ​ចម្រៀង​តែប៉ុណ្ណោះ រីឯ​អ្នក​ទូរ​សព្ទ័​ទៅ​ជជែក​អំពី​បញ្ហា​សង្គម​វិញ​មាន​តិចតួច​នៅឡើយ។ ពលរដ្ឋ​ជាច្រើន រាប់ទាំង​អ្នកនយោបាយ​មួយចំនួន​ផង ក៏​នៅ​មិនទាន់​ចេះ​ប្រើប្រាស់​សេរីភាព​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​វប្បធម៌​ប្រជាធិបតេយ្យ​នៅឡើយ​ដែរ។

ភាព​ក្មេងខ្ចី​នៃ​ប្រជាធិបតេយ្យ និង​កង្វះ​ការទទួលខុសត្រូវ បាន​បង្កបញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​វេទិកា​សម្តែង​មតិ​នានា។ ការមិន​គោរព​គ្នា មិន​ទទួលយក​វប្បធម៌​ពហុ​គំនិត ឬ​រហូតដល់​ការជេរប្រមាថ គឺជា​បញ្ហា​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក។
ដូច្នេះ នៅមាន​កិច្ចការ​ច្រើនយ៉ាង​ណាស់​ដែល​រដ្ឋាភិបាល បក្សនយោបាយ សង្គម​ស៊ីវិល​ក៏ដូចជា​បុគ្គល​គ្រប់រូប​ដែរ ត្រូវ​រួមគ្នា​ធ្វើ​ដើម្បី​ពង្រឹង​វប្បធម៌​ប្រជាធិបតេយ្យ​ក្នុងសង្គម​កម្ពុជា។ ការ​ទម្លុះទម្លាយ​ភាព​ស្ងៀមស្ងាត់​ដោយ​ហ៊ាន​ចេញមុខ​ជជែក​ពិភាក្សាគ្នា​ជា​ចំហ​គឺជា​ចំណុច​វិជ្ជមាន​មួយ​ហើយ ប៉ុន្តែ ការធ្វើ​យ៉ាងណា​ឲ្យ​វប្បធម៌​ជជែក​ពិភាក្សា​នេះ​មាន​ប្រយោជន៍​ពិតប្រាកដ​ដល់​សង្គម នោះ​ទើប​ជា​គោលដៅ​ចុងក្រោយ៕

(ដកស្រង់​ វិទ្យុបារាំងអន្តរជាតិ )

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s