ច្បាប់ព្រះរាជសម្ភារ (រាជនេតិ)

ច្បាប់ព្រះ​រាជសម្ភារ (រាជនេតិ)

(បទកា​កគតិ)

១.ហៃសាធុជនផង នេះគឺបំណង បទបាលីថា

គម្ពីរ​រសធម៌ អាណា​ក្រិត្តិកា គួរគប្បីមហា ជនផង​ត្រងត្រាប់ ។

២.ធម៌នេះ​ដំបូន្មាន រួមរក្សា​ប្រាណ ឱ្យបាន​ក្តី​គាប់

ដ៏លោកបរលោក ហៅរស់​ពុំស្លាប់ ធម៌នេះ​ជាច្បាប់ ក្តី​គាប់​បរិយាយ ។

៣.កុំទុកចិត្ត​បរទេស កុំទុកចិត្ត​អភិ​នេស្រ្កម៍(១) កុំទុកចិត្ត​អភិប្រាយ

ប្រើស្ទំ(២)​រែងខ្ពស់ រំពឹងឱ្យឆ្ងាយ ស្តាប់​ពាក្យបរិយាយ បណ្តិប​មេជី(៣) ។

៤.កុំងឿងដោយខ្យល់(៤) កុំឱន​ពាក្យពល កុំខ្វល់ដោយស្រី

កុំកាន់​ពិសយង់ គប់នឹងស្រី្ត សមណជនជី កុំឱ្យក្តី​ត្រូវ ។

៥.កុំនៅ​ញ៉ាំងឈ្លោះ កុំស្តាប់អសុរោះ កុំស្តាប់អាស្រូវ

កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ នៅផ្លូវដំរី ។

៦.ផ្អែមពីរ​ប្រការ ចំណីនៅ​ដាល(៥) កុំអាលឱ្យឆី

ផ្អែមមួយពាក្យពាល រែងរាល​រកក្តី ផ្អែមមួយ​ពាក្យស្រី ស្រដីមាយា ។

៧.ពាក្យ​គ្រូរែង​រឹង ស្រារែង​ស្រវឹង ពុំដែលពិសា

ពាក្យពិតរែងស្លែង ពុំពិរោះ​ថា បណ្តិប​មេបា រែងថាពុំគាប់ ។

៨.ខ្លៅរែង​ស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ

ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិត​ឥតច្បាប់ រែងស្អប់​ប្រដៅ ។

៩.ចង់បុណ្យបានបាប ចចើង​ចង់លាភ រែងបាត់​ធនទៅ

មានៈបាត់មិត្ត ឥតអ្នក​ជាផៅ ក្រេវក្រោធឃោរឃៅ រមែង​បាត់អង្គ ។

១០.ស្វែង​គាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់​​ផ្គង់

ចង់ធំកុំអួត ដើមមាន​ពូជពង្ស ចង់ឱ្យខ្លួន​ត្រង់ ប្រើ​ផ្គាប់​អ្នកមុខ ។

១១.ខ្លែងហើរ​ត្បិត​ខ្យល់ នាយថ្កើងត្បិតពល រក្សាឱ្យសុខ

ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះ​ធំស្រណុក តិ្បតភរិយា​ជា ។

១២.បាត់យសត្បិត​ខ្ជឹល បាត់ញាណទានសីល ត្បិត​សេពសុរា

ប្រមាទ​បាត់បុណ្យ ខឹងបាត់​ប្រាជ្ញា លេញ​លេងដៀលថា បាត់​ឥរិយាគាប់ ។

១៣.អត់ឱនឥតទោស ធ្វើចិត្តសណ្តោស បង្កើតជាទ្រព្យ

មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្តីពុំគាប់ ជាគន្ធពិដោរ ​។

១៤.ទឹកបាក់ទៅទាប បុណ្យបាត់ត្បិតបាប លាភបាត់ត្បិតឃោរ

ទឹកថ្លា​ត្បិតរលក ពុំយល់ស្រមោល ទោសកើតត្បិតពោល ល្មមមាត់ឈ្លានពាន ។

១៥.ខ្លៅរែង​ស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន

ខ្សត់ខ្សោយស្មុតទ្រុត​ រែងធ្វើជាមាន អ្នកឥត​សន្តាន រែងមើលងាយគេ ។

១៦.ទាហានថ្កើងត្បិតសឹក ធ្វើស្រែ​ត្បិតទឹក ត្រីកពលត្បិតបាយ

សិស្សប្រាជ្ញ​ត្បិតគ្រូ ជេរ​ពោលដំវាយ ពលជាត្បិតនាយ ហ្វឹកហ្វឺនខះខំ ។

១៧.រៀនក្តីគួរគិត ចាស់ឥតប្រព្រឹត្ត នូវប្រែច្រឡំ

អ្នកជាៗកាច តូចប្រែជាធំ ពង្សពូជឧត្តម ច្រឡំជារាស្រ្ត ។

១៨.ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស

សំណង់ជាប្រាក់ ស្ពាន់ធ្លាក់ជាមាស បង្កួយជាជាស កប្បាសជាគរ ។

១៩.ហេតុនេះគួរគិត គួររិះរកហិត ដឹងរសគន្ធ

ពិដោរអសុដោរ ពិសា-សាទរ ហឹកហើយគប្បីប- រិភោក្តាក្តិត ។

២០.ល្គឹកឮពាក្យពេចន៍ សាកសួររកសាច់ សន្តាន​ព្រេង​ព្រឹទ្ធ

រករិះកល់អ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត ឱ្យដឹង​ខ្ពស់ទាប ។

ស្រង់ពីសៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ របស់លោក លី ថៃលី

(១) ​អភិ​នេស្រ្កម៍(បព្វជិត),

(២)ស្ទំ​(ទាប,បន្តិចៗ),

(៣) ​បណ្តិប​មេជី(ពាក្យទូន្មានមេបា,ជីដូនជីតា)

(៤) កុំងឿងដោយខ្យល់ ៖ កុំងឿងព្រោះសំដីគេនិយាយព្យូហ៍ឲ្យភ័ន្តគំនិត ។

(៥) ចំណីនៅ​ដាល កុំអាលឱ្យឆី គឺចំណីដែលកំពុងក្តៅខ្លាំងកុំអាលស៊ី ។

4 comments on “ច្បាប់ព្រះរាជសម្ភារ (រាជនេតិ)

    • បាទខ្ញុំចម្លងពីប្លកបងមែន សុំទោសមិនបានដាក់ប្រភព
      កាលខ្ញុំនៅរៀនវិទ្យាល័យសាលាខ្ញុំគេដកយកឃ្លាអក្សរដិតទ្រេត
      មកដាក់ប្រលងឲ្យសិស្សបកស្រាយទើបខ្ញុំដករបស់បងមកដាក់
      ប្រកាសខ្ញុំដើម្បីជាការចងចាំនិងអនុស្សារវីយ៏កាលនៅរៀន។

      • បងក៏ឥតមាន​ថាអ្វីដែរ។ បើប្អូន​ចង់​ចម្លងដាក់ប្រកាស​ក៏មិនថ្វីដែរ គ្រាន់តែ​បងចង់ប្រាប់ថា ឯកសារនេះ​នៅមានបន្តទៀត បង​ចម្លងមិនទាន់ចប់​នៅឡើយទេ ។

      • អរគុណសណ្តានចិត្តរបស់បង!ខ្ញុំមិនមែនជាអ្នករៀនផ្នែក​សង្គមទេតែខ្ញុំចូលចិត្តកំណាព្យតិចៗដែរ បច្ចុប្បន្នខ្ញុំរៀនផ្នែក​វិទ្យាសាស្ត្រពិតទេ ប៉ុន្តែកំណាព្យក៏ជាចំណូលចិត្តកែអផ្សុក​និងប្រៀនប្រដៅខ្លួនខ្ញុំកុំឲ្យវង្វេង។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s